ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ជួបពិភាក្សា ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)

ជប៉ុន៖ កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង JETRO ក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។

លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ JETRO សម្រាប់ការជួយគាំទ្រដល់សកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានាដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហានានាដែលលើកឡើងដោយក្រុមហ៊ុនជប៉ុនក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានស្នើភាគីមិត្តឱ្យបន្តផ្តល់កិច្ចសហការបន្ថែមសំដៅពន្លាតវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសការចែករំលែកបទពិសោធអំពីការរៀបចំមជ្ឈមណ្ឌលផ្តល់កិច្ចសម្រួលធុរកិច្ចដែល JETRO បានរៀបចំយ៉ាងជោគជ័យ សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់កិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែល្អមួយកម្រិតទៀត។

ជាការឆ្លើយតប លោកប្រធាន JETRO បានសម្តែងនូវសេចក្តីសាទរសម្រាប់ភាពជោគជ័យនៃដំណើរបេសកកម្មគោះទ្វារវិនិយោគិនដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីមកកាន់ប្រទេសជប៉ុន។ ក្នុងស្មារតីនេះ លោកប្រធានបានឯកភាពជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគជប៉ុនដែលកំពុងមានអត្ថិភាពនៅកម្ពុជានឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុនដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួននឹងជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត៕May be an image of 2 peopleMay be an image of 6 people and textMay be an image of 7 people and textMay be an image of 13 people, people studying and text

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds