ខេត្តចំនួន៤នៅតំបន់ខ្ពង់រាប បន្តចុះត្រជាក់នៅពេលព្រឹក សីតុណ្ហភាពអប្បបរមាពី១៨-២១°C
(ភ្នំពេញ)៖ ខេត្តចំនួន៤នៅតំបន់ខ្ពង់រាប បន្តចុះត្រជាក់នៅពេលព្រឹក ដោយមានសីតុណ្ហភាពអប្បបរមាពី១៨-២១°C។ នេះបើយោងតាមសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជារបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើខ្ពង់រាបភាគឦសានជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤៖ តំបន់វាលទំនាប ៖ មានសីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៨-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២១°C។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕